Sunday, July 7, 2019
Friday, May 10, 2019
រដ្ឋបាលខេត្តសៀមរាប បើកិច្ចប្រជុំត្រួតពិនិត្យការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការងារផ្តល់សៀវភៅស្នាក់នៅ ការងារអត្តសញ្ញាណប័ណ្ណ និងការងារអន្តោប្រវេសន្ត
កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បាននបើកកិច្ចប្រជុំត្រួតពិនិត្យការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការងារផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការងារអត្តសញ្ញាណប័ណ្ណ ការងារអន្តោប្រវេសន្ត ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី នាយករងរដ្ឋបាល នាយកទីចាត់ការរដ្ឋបាល ស្នងការរង អធិការក្រុង-ស្រុក ទទួលផែនការងារស្ថិតិ និងអត្រានុកូលដ្ឋាន មន្ទីរផែនការខេត្ត មន្ទីរការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក មន្ត្រីការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានខេត្ត សរុបចំនួន ៣៨នាក់។
ក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់លើការងារមួយចំនួន ពីរគឺ ៖
១-ការចុះធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការផ្ដល់អត្តសញ្ញាណប័ណ្ណ ការងារគ្រប់គ្រងជនអន្តោប្រវេសន្ត ។
២-ការស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ដែលមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ មន្ត្រីជំនាញក្រុង ស្រុក មន្ត្រីទទួលបន្ទុកកាងារទាំងអស់នេះ បានជួបប្រទះកន្លងមក ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ មានភាពច្បាស់លាស់ មានភាពស៊ីចង្វាក់គ្នា ទទួលបានទិន្នន័យដូចគ្នា ដើម្បីឲ្យការងារនេះរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
(រដ្ឋបាលខេត្តសៀមរាប)
មន្ទីរជំនាញចំនួន២ ក្នុងខេត្តសៀមរាប ចុះបញ្ជ្រាបការយល់ដឹងច្បាប់ភូមិបាល ជូនប្រជាពលរដ្ឋនៅស្រុកស្វាយលើ
នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មានរៀបចំការផ្សព្វផ្សាយអំពីច្បាប់ភូមិបាល ជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ រួមនឹងសិទ្ធដាក់ពាក្យបណ្ដឹងពីប្រជាពលរដ្ឋក្នុងករណីមានបញ្ហា ពាក់ព័ន្ធក្នុងរស់នៅក្នុងភូមិ ឬតាមស្រុករបស់ពួកគាត់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីរសុរិយោដីនគររូបណីកម្ម និង សំណង់ខេត្តសៀមរាប បានលើកឡើងថា ការផ្សព្វផ្សាយអំពីច្បាប់ភូមិបាលនាពេលនេះ ដើម្បីពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានឃើញនឹងយល់កាន់ច្បាស់ថា របបនៃកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកំណត់ទុក ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធ និងសិទ្ធផ្សេងៗទៀត លើអចលនវត្ថុស្របតាមបទបញ្ញាត្តិនៃរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ុន សុជាតិ បានបញ្ជាក់ថា អចលនវត្ថុទាំងនោះ រួមមានដីរបស់រដ្ឋ គឺជានៅក្រោមការគ្រប់គ្រងដោយរដ្ឋ ពុំមានបុគ្គលណាមានសិទ្ធមកទន្ទ្រាន ឬរំលោភយកបានឡើយ ដីឯកជន គឺជាដី ដែលបងប្អូនប្រជាពលរដ្ឋកាន់កាប់ដោយស្របច្បាប់ និង ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ សម្រាប់បែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ហើយរដ្ឋក៏បានរៀបចំចាត់ចែងកាត់ឲ្យប្រជាពលរដ្ឋទៅតាមនិតិវិធីនៃច្បាប់ភូមិបាលនោះ ដូច្នេះទើបប្រជាពលរដ្ឋមានសិទ្ធពេញលេញក្នុងការគ្រប់គ្រង។
ឆ្លៀតក្នុងឱកាសនោះ លោក សាត ពៅ អភិបាលរងស្រុកស្វាយលើ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ចោទជាសំណួរ ឬភាពមិនច្បាស់លាស់ណាមួយ ពាក់ព័ន្ធក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយលោកបានជំរុញដល់ លោក មេភូមិ មេឃុំ ដែលជាម៉ែជាឪរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ក្នុងឃុំរបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់ពន្យល់ ណែនាំអំពីច្បាប់ភូមិបាលឲ្យពួកគាត់បានយល់ច្បាស់ ចៀសវាងថ្ងៃក្រោយ មានបញ្ហាកើតឡើងដដែលៗ។
មានវត្តមានក្នុងឱកាសនោះដែរ លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីររបស់លោកមានភារកិច្ចសំខាន់ៗ ដើម្បីសម្របសម្រួល ទំនាក់ទំនង និងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ការិយាល័យអ្នកតំណាងរាស្រ្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ព្រមទាំងធ្វើការស្ទង់មតិ អំពីការយល់ដឹង របស់ប្រជាពលរដ្ឋលើវិស័យច្បាប់ សម្រាប់ឈានទៅដល់ការរៀបចំវេទិកាសាធារណ:។ ហើយវេទិកាសាធារណ:នេះ នឹងជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន យល់ដឹង និងប្រតិបត្តិតាម ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ របស់រាជរដ្ឋាភិបាល ហើយក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការសំណូមពរទៅកាន់អាជ្ញាធរផងដែរ។
លោក បានបញ្ជាក់បន្ថែមថា ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ មានបញ្ហាពាក់ព័ន្ធនឹងសិទ្ធក្នុងរស់នៅក្នុងមូលដ្ឋានភូមិស្រុករបស់ខ្លួន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាបនឹងរង់ចាំទទួលពាក្យបណ្ដឹងរបស់បងប្អូនគ្រប់ពេលវេលា។
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពី ការធ្វើប្រតិភូកម្មមុខងារការផ្តល់សេវា រដ្ឋបាលលើ វិស័យព័ត៌មាន
សិក្ខាសាលាស្តីពី ការធ្វើប្រតិភូកម្មមុខងារការផ្តល់សេវារដ្ឋបាលលើ វិស័យព័ត៌មាន ទៅឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ នាទីស្តីការ ក្រសួង ព័ត៌មាន ក្រោម វត្តមានអញ្ជើញជាអធិតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
មានប្រសាសន៍បើកអង្គសិក្ខាសាលា ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគួសបញ្ជាក់ថា ការរៀបចំជាសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយបញ្ជ្រាប ការយល់ដឹងអំពីការផ្ទេរមុខងារ ការផ្តល់សេវារដ្ឋបាល រាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ និងអនុវត្តបន្ត ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា រដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយះការប្រមូលផ្តុំ សេវារដ្ឋបាលលើវិស័យ នានាឲ្យនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណងាយ ស្រួល និងឆ្លើយតបបានទាន់ពេលវេលា ទៅនិងតម្រូវការជាក់ស្តែង របស់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៣ ស្តីពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណះ និងអភិបាលកិច្ចល្អ របស់រាជ រដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា ដើម្បីដំណើរការធ្វើប្រតិភូកម្ម មុខងារផ្តល់សេវារដ្ឋបាលលើព័ត៌មាន របស់ក្រសួងព័ត៌មានទៅ ឲ្យអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាល រាជធានី ខេត្ត បានប្រព្រឹត្តទៅដោយភាពរលូន និងមានលក្ខណៈស៊ីជម្រៅ គឺត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ដោយមានការទទួកខុសត្រូវខ្ពស់ និងបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយមន្ទីរជំនាញនានា ដើម្បីបំពេញភារកិច្ចដែល ក្រសួង ស្ថាប័ន ជំនាញ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់ល្អប្រសើរ ស្របតាមអនុសាសន៏របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកថា មន្រ្តីគឺជាអ្នកបំរើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ និងជៀសវាងការប្រព្រឹត្តអំពើ ខុសច្បាប់ដែលជាកំហុសបុគ្គល ប៉ុន្តែធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស របស់មន្រ្តីរាជការទូទៅ និងក្រសួង ស្ថាប័ន ទាំងមូល ។
នៅក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ ក៏មានការធ្វើជាបទបង្ហាញ ពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយវាគ្មិន ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឃន៏តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អង្គសិក្ខាសាលា នាឱកាសនេះ ក៏ជាការចែករំលែក បទពិសោធន៏ល្អៗ និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកអំពីយន្តការ បែបបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាល ការគ្រប់គ្រងចំណូលដែល ប្រមូលបាន ពីវិស័យព័ត៌មាន ការបែងចែកប្រាក់រង្វាន់ដល់មន្រ្តីរបស់អង្គភាពជំនាញ និងមន្រ្តីរដ្ឋបាលដែលបំពេញភារកិច្ចនៅអង្គភាព ប្រកចេញចូលតែមួយនៃ រដ្ឋបាល រាជធានី ខេត្ត ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងថែមទៀត។
ទាក់ទងទៅនិងគោលបំណងសំខាន់ៗនៃអង្គសិក្ខាសាលានាឱកាសនេះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកអគ្គនាយក ព័ត៌មាន និងសោតទស្សន៏ នៃក្រសួង ព័ត៌មាន បានគួសបញ្ជាក់បន្ថែមថា…. សំលេងដើម ៕
អត្ថបទ និង រូបភាព៖ ក្រសួងព័ត៌មាន
ជនសង្ស័យ ១០នាក់ ជិះម៉ូតូកាប់គ្នា ត្រង់ចំណុចស្ថានីយចាក់សាំងកាល់តិចក្រុងសៀមរាប
នៅវេលាប្រមាណម៉ោង ៤ទាបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មានករណីអំពើហឹង្សា រវាងជនសង្ស័យ ១០នាក់ ព្រួតគ្នាវាយ និងប្រើកាំបិតដាវ កាប់មកលើជនរងគ្រោះចំនួន ៤នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។
បើតាមរបាយការណ៍បឋម របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ បានធ្វើដំណើរដោយម៉ូតូ២គ្រឿង ចេញពីកន្លែងផឹកស៊ីផ្លូវផ្សាររាត្រី បន្តដំណើរទៅផ្លូវ៣០ម៉ែត្រ រួចហើយជិះបន្តរហូតដល់ចំណុចសា្ថនីយចាក់ប្រេង កាល់តិចក្រុងសៀមរាប ក៏ស្រាប់តែក្រុមជនដៃដល់មានគ្នា ១០នាក់ ជិះម៉ូតូ ៧គ្រឿង មកព្រួតវាយ និងកាប់លើ ជនរងគ្រោះ ឈ្មោះ ប៉ាង សេងហៃ ហៅ ក្តិប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ អ្នកបម្រើការ ក្នុងហាងបង្កងដុត នៅជិតស្ពានអាងក្រពើ សព្វថ្ងៃរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្ដាលឲ្យរងរបួស ត្រូវកដៃខាងស្ដាំ ជង្គង់ទាំងសងខាង ខ្នងដៃខាងឆ្វេងចំនួន២កាំបិត ក្បាលមួយកាំបិតផ្នែកខាងឆ្វេង នឹងពីក្រោយខ្នងមួយកាំបិត បន្ទាប់ពីសមត្ថកិច្ចទៅដល់ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។
តាមរបាយការណ៍បឋមដដែលនេះ កំលាំងសមត្ថកិច្ច របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ពុំទាន់រកឃើញមូលហេតុដែលបង្កឲ្យមានអំពើហឹង្សានេះឡើយ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរជនរងគ្រោះ និងស្រាវជ្រាវបន្តទៀត ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី
Wednesday, May 8, 2019
រដ្ឋមន្រ្តីក្រសួងសុខភិបាលសុំឱ្យមានការរៀបចំបន្ទប់ប្រណិបត្តិសាសនាឥស្លាមនៅតាមមន្ទីរពេទ្យសាធារណៈ
បើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី៧ ឧសភា នេះបានឲ្យដឹងថា ចាប់ពីពេលនេះតទៅ នៅតាមមន្ទីរពេទ្យសាធារណៈទាំងអស់ នឹងត្រូវរៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាម ឬបន្ទប់សម្រាប់ថ្វាយបង្គំ ដល់សាសនិកឥស្លាមកម្ពុជា
ក្នុងខ្លឹមសារលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ការរៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាមនៅតាមមន្ទីរពេទ្យសាធារណៈនេះ គឺអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសុខុដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិបត្តិសាសនារបស់បងប្អូនសាសនិកឥស្លាម និងគ្រូពេទ្យ និស្សិតមូស្លីមដែលមកទទួលសេវាថែទាំព្យាបាល និងបំពេញការងារនៅមន្ទីរពេទ្យ។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា សូមឲ្យអគ្គនាយក ប្រធានមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ត្រូវចាត់ចែង រៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាមនេះឱ្យបានសមរម្យ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីគោលការណ៍ថ្មីនេះដែរ និងថាចំណុចនេះនឹងឈានដល់ការពង្រីកតាមសាលារៀនទៀតផង ដែលនឹងផ្តល់ឱកាសឱ្យសិស្សានុសិស្ស និស្សិត មានកន្លែងថ្វាយបង្គំសមរម្យ ដើម្បីបំពេញកាតព្វកិច្ចសាសនារបស់ខ្លួន ហើយសម្ដេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីពិសារអហារស្រាយបួស កាលល្ងាចថ្ងៃទី៧ ឧសភា នៅកោះពេជ្រដែលមានសាសនិកឥស្លាមចូលរួមប្រមាណជិត៥ពាន់នាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតដែលកម្ពុជាបាននិងកំពុងធ្វើ ដើម្បីភាពសុខុដុមនីយកម្មសាសនានៅកម្ពុជា ដែលបណ្តាប្រទេសមួយចំនួនមិនទាន់អនុវត្តន៍នៅឡើយ៕
អត្ថបទ និង រូបភាព៖ ម៉ាត់ អារ៉ាហ្វីន
ប្រជាពលរដ្ឋចំនួន១២គ្រួសារនៅស្រុកអង្គរជុំ ដែលមានលំនៅដ្ឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់និង អគ្គិភ័យ ទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានទទួលរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ និង អគ្គិភ័យ ចំនួន១២គ្រួសារ មកពី៣ឃុំ របស់ស្រុកអង្គរជុំ ក្នុងនោះនៅឃុំស្រែខ្វាវ រលំផ្ទះ១ខ្នង របើកដំបូលធ្ងន់ធ្ងរ ០៨ខ្នង , ឃុំគោក ដូង របើកដំបូលផ្ទះធ្ងន់ធ្ងរ ២ខ្នង និង ឃុំចារឈូក ឆេះផ្ទះ១ខ្នង ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលការប្រគល់អំណោយនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកអង្គរជុំ ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះ ចំពោះគ្រួសាររលំផ្ទះ និងឆេះផ្ទះ ក្នុងមួយគ្រួសារ ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , ស័ង្កសី ១៦សន្លឹក , មី១កេស , ត្រីខ១ យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១៥ម៉ឺនរៀល ក្នុងនោះគ្រួសារភ្លើងឆេះផ្ទះបន្ថែមនូវសម្ភារផ្ទះបាយផងដែរ រីឯចំពោះគ្រួសារ ដែលរបើកដំបូលផ្ទះធ្ងន់ធ្ងរ ក្នុងមួយគ្រួសារ ទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និង ថវិកា១០ ម៉ឺន រៀល ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូន ដែលរងគ្រោះដោយឧបទ្ទេវហេតុធម្មជាតិ ខ្យល់កន្ត្រាក់ ប៉ុន្តែកាកបាទក្រហមកម្ពុជា ដែលមានលោកសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក៏ដូចជាក្រុមសមាជិកសមាជិកាកាកបាទក្រហមកម្ពុជា និងសាខាខេត្តសៀមរាប តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ ការលំបាក និងភាពខ្វះខាតចាំបាច់របស់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងអ្នករងគ្រោះដោយសារគ្រោះធម្មជាតិនានា ដោយធ្វើការសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានជាប្រចាំ ហើយកាកបាទក្រហមកម្ពុជា តែងតែផ្ដល់ស្បៀងអាហារជាក់ស្ដែងដល់បងប្អូនដែលជួបការលំបាកគ្រប់កាលវេលាលំបាក និងគ្រប់ទីកន្លែង គឺមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារ និងគ្មានទីជម្រកនោះឡើយ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
លោកជំទាវ ទាង អេង ទៀសីហា មានប្រសាសន៍ទៀតថា ដោយ សារការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យឃុំ ស្រុកមួយចំនួនខ្វះខាតទឹកប្រើប្រាស់នោះ ដែលខណៈពេលនេះសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាននឹងកំពុងជីកខួងអណ្តូងទឹកស្អាត ដោយប្រើប្រាស់ម៉ូទ័របូម នៅតាមអនុសាខាគ្រប់ស្រុក ដើមី្បងាយស្រួលក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ ទៅតាមបណ្តាភូមិ ឃុំ ខ្វះខាតទឹកផងដែរ ប៉ុន្តែប្រការសំខាន់ សូមសំណូមពរដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ន នៅពេលដែលមានខ្យល់ ផ្គររន្ទះ សូមបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និង សូមបងប្អូនយកចិត្តទុកដាក់ ចំពោះកូន តូចៗរបស់ខ្លួន កុំឲ្យមានជម្ងឺដង្កាត់ ហើយត្រូវចៀសវាងនូវការបរិភោគចំណីអាហារផ្សេងៗ ដែលគ្មានអនាម័យ ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
លោក លឹម គង់ បង្ហាញនូវទស្សនៈរបស់ខ្លួនថា មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ
លោក លឹម គង់ មេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោកសប្បាយចិត្តណាស់ លោកចង់ធ្វើតែប្រាសាទ មួយជីវិតលោកនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យតែនៅមានកម្លាំង ព្រោះលោកចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក ហើយលោកពិតជាមានការសោកស្តាយណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ លោកចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់លោក។
លោក លឹម គង់ បានបញ្ជាក់ទៀតថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ហើយក្រោយពីចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និង ជាមួយអ្នកជំនាញខ្មែរដែលធ្វើការជួសជុលនៅប្រាសាទបាសែត , ប្រាសាទ នៅអូរជីក និងនៅបន្ទាយឆ្មារ ។
លោក លឹម គង់ បានបញ្ជាក់បន្ថែមទៀតថា ដោយសារការអនុវត្តជាប្រចាំនេះហើយ បានធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម , រៀបថ្មឱ្យជាប់មាំទាំជិតល្អដូចបុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន ដូច្នេះលោកសង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរ នឹងទទួលបានការអភិរក្សជួសជុល ឱ្យរួចផុតពីហានិភ័យ ប៉ុន្តែសូមឱ្យកូនខ្មែរទាំងអស់ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជាបេតិកភណ្ឌពិភព លោកទាំងអស់គ្នា ចំពោះលោកពិតជាមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។
គួររំលឹកថា លោក លឹម គង់ អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានចំណាយពេលអស់រយៈពេល១៥ឆ្នាំ ជាអ្នកជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ , បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារជាហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង ខណៈបច្ចុប្បន្ននេះ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិ បត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា ហើយបើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន តែលោក លឹម គង់ មានបទពិសោធន៍គ្រប់គ្រាន់ និង ច្បាស់លាស់ ក្នុងការតថ្ម , រៀបថ្ម , ដាប់ថ្ម , លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ ៕
អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
ព្រឹកមិញនេះ អាជ្ញាធរស្រុកស្វាយលើ ចាប់ផ្ដើមធ្វើការរុះរើតូបរបស់បងប្អូនអាជីវករ ដែលបានដាក់តាំងលក់ដូរនៅលើដីចំណីផ្លូវ នៃតំបន់ផ្សារចាស់
លោក សាត ពៅ មានប្រសាសន៍ថា ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណ: តាមដងផ្លូវសាធារណ: យើងទាំងអស់គ្នាត្រូវចូលរូមសហការគ្នា បញ្ចៀសនូវការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតដោយប្រការណាមួយជាយថាហេតុ ជាពិសេសនៅក្នុងតំបន់ផ្សារចាស់ក្នុងស្រុកស្វាយលើយើងនេះ ខណៈកន្លងមក មានបងប្អូនអាជីវករមួយចំនួន បានដាក់តាំងលក់ដូរនៅតាមចិញ្ចើមផ្លូវ បាននឹងកំពុងប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។
លោកមានប្រសាសន៍ទៀតថា ក្នុងឱកាសនេះ សូមឲ្យបងប្អូនអាជីវករទាំងអស់ បញ្ឈប់ការលក់ដូររបស់ខ្លួននៅតាមចិញ្ចើមផ្លូវ ហើយត្រូវទៅលក់ដូរនៅក្នុងផ្សារទាំងអស់គ្នា ព្រោះថា រដ្ឋបាលស្រុកស្វាយលើ នឹងត្រូវធ្វើការរុះរើតូប ដែលបានដាក់តាំងលក់នៅតាមចិញ្ចើមផ្លូវ និង កាត់សំយ៉ាប ផ្ទាំងស្លាកយីហោតូចធំ ដែលលយចូលមកដល់ផ្លូវឲ្យអស់មុនថ្ងៃកំណត់ ដោយកំណត់ផ្លូវថ្នល់សងខាងប្រវែង១០ម៉ែត្រ គិតពីចំណុចអ័ក្សផ្លូវ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខណៈដែលរដ្ឋបាលស្រុក បានជូនដំណឹងដល់ពួកគាត់ជាច្រើនដងរួចមកហើយ ដូច្នេះរឿងនេះមិនមែនថ្មីនោះទេ គឺវារ៉ាំរ៉ៃយូរមកហើយ ។
លោក សាត ពៅ មានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើបងប្អូនអាជីវករណា មិនមានតូបលក់ដូរនៅក្នុងផ្សារចាស់នេះទេ បងប្អូនអាចទៅលក់ដូរនៅផ្សារថ្មីបាន គឺផ្សាររស្មីហេងមករាផ្សារស្រុកស្វាយលើ ដែលកន្លែងនោះប្រកបទៅដោយផាសុកភាព មានអនាម័យល្អ មានសណ្តាប់ធ្នាប់ក្នុងការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋផងដែរ ៕
អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Thursday, May 2, 2019
ម្សិលមិញ គណ:បញ្ជាឯកភាពស្រុកអង្គរជុំ ដឹកទឹកចែកជូនប្រជាពលរដ្ឋឃុំគោកដូង ដែលកំពុងរងការខ្វះខាតទឹកប្រើប្រាស់
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ គណ:បញ្ជាឯកភាពស្រុកអង្គរជុំ ដឹកនាំដោយលោក លុក ផុស អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំកម្លាំងចម្រុះ ក្នុងកម្លាំងនគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការស្រុក និងមានការសហការចូលរួមពីកម្លាំងផ្នែកសឹករងស្រុក កងអាវុធហត្ថស្រុក និងក្រុមប្រឹក្សាឃុំគោកដូង បានចុះចែកទឹកជូនប្រជាពលរដ្ឋនៅភូមិខ្ចារ , ភូមិរការ និងភូមិគោកក្រោល សរុបរួមចំនួន៣២៧គ្រួសារ ដែលកំពុងរងការខ្វះខាតទឹកប្រើប្រាស់ ដោយប្រើប្រាស់អស់ទឹកចំនួន០៧រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន៤រថយន្ត និងរថយន្តរបស់សប្បុរសជនក្នុងស្រុក ចំនួន៣រថយន្ត ៕
អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
លំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៥ខ្នង នៅឃុំចំនួន៣ ក្នុងស្រុកពួក ទទួលរងការខូចខាតដោយសារខ្យល់កន្រ្តាក់ កាលពីម្សិលមិញ
សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញនេះ មានករណីភ្លៀងលាយខ្យល់កន្រ្ដាក់បានកើតឡើង នៅឃុំចំនួន៣ ក្នុងស្រុកពួក បណ្ដាលធ្វើឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៥ខ្នង រួមមាន ៖ ១. នៅឃុំខ្នាត របើកដំបូលផ្ទះចំនួន៧ខ្នង និងរលំផ្ទះចំនួន០២ខ្នង , ២. នៅឃុំពួក : របើកដំបូលចំនួន០៩ខ្នង និង រលំផ្ទះចំនួន០២ខ្នង និង ៣. នៅឃុំសំរោងយា របើកដំបូលផ្ទះចំនួន០៥ខ្នង ប៉ុន្តែក្នុងករណីនេះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕
អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
ស្លាប់ម្នាក់ និងរងរបួសស្រាល០២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់ កាលពីម្សិលមិញ
លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកែច្នៃពណ៌ខៀវ គ្មានផ្លាកលេខ ជាមួយនឹងម៉ូតូ នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិស្នួល ឃុំស្នួល ស្រុកក្រឡាញ់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង មនុស្សចំនួន០២នាក់ផ្សេងទៀត បានរងរបួសស្រាល ។
លោក ជី បេងជន បានឲ្យដឹងទៀតថា ករណីនេះគឺអ្នកបើកបរគោយន្តកែច្នៃដឹកដី ឈ្មោះ លន់ លីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិល្បើក ឃុំរោងគោ ស្រុកក្រឡាញ់ បានបើកគោយន្តថយក្រោយ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ពោធិសាត់ 1F.7834 បើកបរដោយឈ្មោះ យាត យ៉ា ភេទស្រី អាយុ១៣ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងអ្នកជិះជាមួយពីរនាក់ទៀត គឺអ្នកទី១. ឈ្មោះ យាត សារិកា ភេទស្រី អាយុ១៤ឆ្នាំ រងរបួសស្រាល និងអ្នកទី២. ឈ្មោះង៉ា វីសា ភេទប្រុស អាយុ១១ឆ្នាំ រងរបួសស្រាល ដែលអ្នកទាំង៣នាក់នេះ រស់នៅភូមិព្រៃគាប ឃុំរោងគោ ស្រុកក្រឡាញ់ បើកក្នុងទិសដៅពីត្បូងទៅជើង រួចឈប់ រីឯម៉ូតូខូចខាតធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការត្រួតពិនិត្យ និងវាស់វែង និងបាននាំយកវត្ថុតាំងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿង និងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់បន្ត រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
ម្សិលមិញ សាលាអន្តរជាតិ A.L.A ប្រគល់ប័ណ្ណសរសើរ ជូនដល់សិស្សពូកែ សម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០១៨-២០១៩
កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ សាលាអន្តរជាតិ A.L.A ស្ថិតនៅក្នុងក្រុងសៀមរាប បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ជូនដល់សិស្សពូកែសម្រាប់ឆមាសទី១ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ចំនួន៧៥នាក់ ទាំងខេមរភាសា និង ភាសាអង់គ្លេស ក្នុងនេះសិស្សខេមរភាសាកម្រិតបឋម មានចំនួន១៨នាក់ ខណៈដែលសាលាមានសិស្សចំនួន៥៥៥នាក់ ក្នុងនេះសិស្សកុមារតូចកម្រិតថ្នាក់បឋម នៃខេមរភាសាមានចំនួន ៩៣នាក់ ក្នុងនោះកុមារីចំនួន៤៥នាក់ ដែលកំពុងទទួលបានសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡា និង កុមារតូចកំពុងបានទទួលការសិក្សាភាសាអង់គ្លេស មានចំនួន ៤៦២នាក់ ក្នុងនោះកុមារីចំនួន២៥៤នាក់ ។
លោក នង វុត្ថា នាយកសាលាអន្តរជាតិ A.L.A មានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងការអប់រំសីលធម៌ដល់កុមារ បណ្តុះបញ្ញា-ស្មារតី , ពង្រឹងសុខភាព-កាយសម្បទា និងបំណិនជីវិត ជាមួយនឹងការផ្តល់ឲ្យពួកគេនូវគុណភាពអប់រំ និងមានសេវាតម្លៃសមរម្យផងដែរ ដែលនេះគឺនិយាយក្នុងក្របខ័ណ្ឌនៃគ្រឹះស្ថានសិក្សាឯកជន ដែលវិនិយោគលើវិស័យអប់រំ ខណៈដែលវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកសាងអភិវឌ្ឍសង្គមជាតិ ហើយមានគ្រឹះស្ថានសិក្សាឯកជនជាច្រើនត្រូវបានរីកដុះដាល ដោយបានជួយទ្រទ្រង់ដល់ការរីកចម្រើនវិស័យអប់រំនៅកម្ពុជា ។
លោក នង វុត្ថា មានប្រសាសន៍ទៀតថា ការកសាងធនធានមនុស្សគឺជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិទាំងមូល ហើយការសិក្សាអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការងារមានសារៈសំខាន់ ក្នុងការកសាងធនធានមនុស្ស ដែលក្នុងសង្គមជាតិត្រូវតែមានការចូលរួមវិនិយោគឲ្យបានខ្លាំងក្លា ដោយប្រើប្រាស់ពេលវេលាយូរអង្វែងជាមួយនឹងការអត់ធ្មត់ ការទទួលខុសត្រូវ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ដូច្នេះការវិនិយោគរបស់វិស័យឯក ជន លើវិស័យអបរំ វាមិនមែនជាការធ្វើជំនួញនោះទេ ប៉ុន្តែបើគិតធ្វើជំនួញ ដោយជ្រើសរើសយកការវិនិយោគលើវិស័យអប់រំវិញនោះ វាមិនអាចទៅរួចទេ សម្រាប់ការអនុវត្តគោលនយោ បាយរបស់រាជរដ្ឋាភិបាល គឺ អប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ ៕
អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
ព្រឹកមិញនេះ យុវសិស្សចំនួន២០៥នាក់ មកពីវិទ្យាល័យចំនួន០៣ក្នុងក្រុងសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា
កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ យុវសិស្សចំនួន២០៥នាក់ មកពីវិទ្យាល័យចំនួន០២ និង អនុវិទ្យាល័យចំនួន១ក្នុងក្រុងសៀមរាប រួមមានវិទ្យាល័យ១០មករា១៩៧៩ , វិទ្យាល័យអង្គរ និង អនុវិទ្យាល័យព្រះឥន្ធកោសា ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រឡងចេញ ឬ ត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ១០មករា១៩៧៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត គណៈអភិបាលក្រុងសៀមរាប លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សជាច្រើនរូប ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជានៅពេលនេះ គឺដើម្បីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ឧសភា ២០១៩ ក្រោមប្រធានបទ ខ្ញុំ ស្រឡាញ់ កាក បាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និង សកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" និង "យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម" ។
ឯកឧត្តមមានប្រសាសន៍ទៀតថា នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបស័គ្គ ការលំបាកនានា ពិសេសយុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ដូច្នេះក្នុងនាមជាយុវជនកាកបាទក្រហម ត្រូវឈរក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និង ខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋ ល្អក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន ជាពិសេសត្រូវចាកចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ចរាចរណ៍ជើងគោក គឺត្រូវចាប់ផ្តើមពីខ្លួនយើងគ្រប់ៗគ្នាជាមុនផងដែរ ៕
អត្ថបទ និង រូបថត ៖ លោក មី សុខារិទ្ធ , ជា ស្រស់ , ខេង ឧត្ដម និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
វត្តអារញ្ញសាគរ ទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ កាលពីម្សិលមិញ
វត្តអារញ្ញសាគរ ទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ កាលពីម្សិលមិញ
វត្តអារញ្ញសាគរ ទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ កាលពីម្សិលមិញ
វត្តអារញ្ញសាគរ ស្ថិតនៅក្នុងក្រុងសៀមរាប បានបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ បន្ទាប់ពីបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៩
មេសា កន្លងទៅ ដោយមានរៀបចំកម្មវិធីកំសាន្តប្លែកៗជាច្រើនផងដែរ ។
បើតាមថេរដិការបស់ព្រះតេជគុណវិសារទរ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ បានឲ្យដឹងថា ពិធីបុណ្យ ឆ្លងភ្នំខ្សាច់ និងឆ្លងចេត្រនេះ ជាពិធីប្រពៃណីតាមទំនៀមទម្លាប់បែបព្រះពុទ្ឋសាសនាពីបុរមបុរាណ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក ហើយកូនចៅជំនាន់ក្រោយៗនៅមូលដ្ឋាននេះ និយមធ្វើតៗគ្នា នាំគ្នាប្រារព្ឋតាមលំអានក្រោមការដឹកនាំធ្វើពីចាស់ព្រឹទ្ឋាចារ្យក្នុងមូលដ្ឋាន ហើយពិធីនេះ ក៏ពុំពាក់ព័ន្ធទៅនឹងពិធីស្រង់ព្រះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលទើបតែកន្លងផុតថ្មីៗនេះទេ បានសេចក្ដីថាពិធីបុណ្យឆ្លងភ្នំខ្សាច់ គឺជាពិធីមួយដែលប្រជាពុទ្ឋបរិស័ទ ធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន និង សុំខមាទោស ផ្តាច់កម្មពៀរវេរាពីឆ្នាំចាស់ ដែលបានប្រព្រឹត្តពុំគប្បី ដោយចេតនាក្តី ដោយអចេតនាក្តី លើសព្វសត្វតូចធំផងទាំងឡាយ ដើម្បីរំដោះវេរា ឬបាបអកុសលផ្សេងៗក្នុងឆ្នាំចាស់ ផ្លាស់យកនូវជោគជ័យសិរីមង្គល សម្រាប់ឆ្នាំថ្មី ។
ព្រះតេជគុណមានសង្ឃដិកាទៀតថា ចំណែកឯពាក្យថា ឆ្លងចេត្រ គឺចង់សំដៅពិធីបុណ្យឆ្លង ផ្លាស់ពីខែចេត្រ ចូលទៅខែពិសាខ គឺមានន័យថា ផ្លាស់ពីរដូវប្រំាង ឈានចូលរដូវវស្សា ជារដូវដែលកសិករយើងត្រូវធ្វើស្រែ ហើយតម្រូវឲ្យបងប្អូនប្រជាកសិករ គាត់នឹងត្រូវបម្រុងនូវឧបករណ៍សម្រាប់ធ្វើកសិកម្ម មានដូចជាន័ង្គល រនាស់ រទេះ និងសត្វពាហនៈជាដើម ។
ព្រះតេជគុណវិសារទរ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដិកាបន្ថែមទៀតថា បុណ្យឆ្លងភ្នំខ្សាច់ និងឆ្លងចេត្រនៅវត្តអារញ្ញសាគរឆ្នាំនេះ ប្លែកជាងបណ្តាឆ្នាំមុនៗ ដោយសារចៅអធិការវត្ត គណៈកម្មការវត្ត និងអ្នកភូមិជិតខាង បានឯកភាពគ្នាឱ្យរៀបចំពិធីដល់ទៅបីថ្ងៃបីយប់ ដោយក្នុងពេលរាត្រី មានជួលតន្រ្តីស្គរដៃស្រុកស្រែរាំលេងកំសាន្ត មានល្ខោនបាសាក់រហូតដល់ពាក់កណ្តាលអាធ្រាត្រ និងមានល្បែងប្រជាប្រិយដូចជា វាយក្អម ទាញព្រ័ត្រ ជាពិសេសបង្កើតកម្មវិធីឱ្យចាស់ៗ ធ្វើនំចំណីលក់បែបសាមញ្ញៗនៅក្នុងវត្តតែម្តង មានដូចជានំបញ្ចុក បាញ់ឆែវ នំគ្រក់ បង្អែម ទឹកកឈូស ជាដើម ដើម្បីបង្កើនភាពរីករាយ ស្និទ្ឋស្នាល និងបានបង្ហាញអំពីរបៀបធ្វើងាយៗដែលយុវជន យុវនារី អាចធ្វើជូនម៉ែជូនពុករបស់ខ្លួនពិសានៅផ្ទះបាន ហើយថវិកាសល់ពីការចំណាយលើដើមទុន ពួកគាត់បរិច្ចាកមកវត្តទាំងអស់សម្រាប់ចំណាយរៀបចំពិធី ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tuesday, April 23, 2019
ថ្ងៃអង្គារ
១១កើត ខឺពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៨:០០នាទីព្រឹក ជួបជុំមាតាបិតា និង សាចញាតិ
កុលបុត្រ កុលធីតានៅវត្ដអង្គរតូចខាងត្បូង ប្រារព្ធពិធីកោសក់
ហែនាគជុំវិញប្រាសាទអង្គរវត្ដនិងបំបួសនាគនិងពិធីបួងសក់បំបួសសីលវតី ។
ថ្ងៃអាទិ១រោច ខែពិសាខ ឆ្នាំ្កកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា
ឆ្នាំ២០១៩
វេលាម៉ោង ៧:០០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នៅមុខប្រាសាទអង្គវត្ដដើម្បីដាក់បាទ
សាមណេ និងសីលវតីចំនួន៣០០រូប និងពិធីចាកសិក្ខាបទ ឆ្លងជាកិច្ចបង្ហើយបុណ្យ សូមអញ្ជើញញាតិញោម
ពុទ្ធបរិស័ទជិតឆ្ងាយចូលរួមនិងអនុមោទនាបុណ្យកុំបីខាន ។
បញ្ជាក់ ៖ ចុះឈ្មោះបួសនៅវត្ដអង្គរតូចខាងត្បូង
ចាប់ពីអាយុ ២១ឆ្នាំចុះក្រោម ចំនួនមានកំណត់(៣០០រូប) ផ្នែកសីលវតីសំពត់ខោអាវសខ្លួនឯង
សាមណេ ត្រៀមស្បង់ចីវរខ្លួនឯង និងរូបថត ៤x៦ ២សន្លឹក សំបុត្រកំណើត
ឬអត្ដសញ្ញាណប័ណ្ណ
ទំនាក់ទំនងកម្មវិធីបុណ្យលេខទូរស័ព្ទរ ០៨៨ ៦៩២ ២៩៩៩
០១៦ ៥៥៦ ១៤៦១
០១៧ ៧៧៨ ៦៧៨
០៨៨ ៨៨៧ ៧៦៥៧
Monday, March 11, 2019
Wednesday, March 6, 2019
Kung Fu Jungle [English Subtitles]
Kung Fu Jungle [English Subtitles]
គងហ្វូង៉ុល [អក្សររត់ពីក្រោមជាភាសាអង់គ្លេស]
គងហ្វូង៉ុល [អក្សររត់ពីក្រោមជាភាសាអង់គ្លេស]
Tuesday, March 5, 2019
Subscribe to:
Posts (Atom)