Thursday, May 2, 2019

ព្រឹកមិញនេះ យុវសិស្សចំនួន២០៥នាក់ មកពីវិទ្យាល័យចំនួន០៣ក្នុងក្រុងសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា





កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ យុវសិស្សចំនួន២០៥នាក់ មកពីវិទ្យាល័យចំនួន០២ និង អនុវិទ្យាល័យចំនួន១ក្នុងក្រុងសៀមរាប រួមមានវិទ្យាល័យ១០មករា១៩៧៩ , វិទ្យាល័យអង្គរ និង អនុវិទ្យាល័យព្រះឥន្ធកោសា ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រឡងចេញ ឬ ត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ១០មករា១៩៧៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត គណៈអភិបាលក្រុងសៀមរាប លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សជាច្រើនរូប ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជានៅពេលនេះ គឺដើម្បីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ឧសភា ២០១៩ ក្រោមប្រធានបទ ខ្ញុំ ស្រឡាញ់ កាក បាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និង សកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" និង "យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម" ។

ឯកឧត្តមមានប្រសាសន៍ទៀតថា នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបស័គ្គ ការលំបាកនានា ពិសេសយុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ដូច្នេះក្នុងនាមជាយុវជនកាកបាទក្រហម ត្រូវឈរក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និង ខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋ ល្អក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន ជាពិសេសត្រូវចាកចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ចរាចរណ៍ជើងគោក គឺត្រូវចាប់ផ្តើមពីខ្លួនយើងគ្រប់ៗគ្នាជាមុនផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក មី សុខារិទ្ធ , ជា ស្រស់ , ខេង ឧត្ដម និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

No comments:

Post a Comment