Wednesday, May 8, 2019

លោក លឹម គង់ បង្ហាញនូវទស្សនៈរបស់ខ្លួនថា មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ


លោក លឹម គង់ មេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោកសប្បាយចិត្តណាស់ លោកចង់ធ្វើតែប្រាសាទ មួយជីវិតលោកនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យតែនៅមានកម្លាំង ព្រោះលោកចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក ហើយលោកពិតជាមានការសោកស្តាយណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ លោកចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់លោក។

លោក លឹម គង់ បានបញ្ជាក់ទៀតថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ហើយក្រោយពីចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និង ជាមួយអ្នកជំនាញខ្មែរដែលធ្វើការជួសជុលនៅប្រាសាទបាសែត , ប្រាសាទ នៅអូរជីក និងនៅបន្ទាយឆ្មារ ។

លោក លឹម គង់ បានបញ្ជាក់បន្ថែមទៀតថា ដោយសារការអនុវត្តជាប្រចាំនេះហើយ បានធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម , រៀបថ្មឱ្យជាប់មាំទាំជិតល្អដូចបុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន ដូច្នេះលោកសង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរ នឹងទទួលបានការអភិរក្សជួសជុល ឱ្យរួចផុតពីហានិភ័យ ប៉ុន្តែសូមឱ្យកូនខ្មែរទាំងអស់ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជាបេតិកភណ្ឌពិភព លោកទាំងអស់គ្នា ចំពោះលោកពិតជាមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។

គួររំលឹកថា លោក លឹម គង់ អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានចំណាយពេលអស់រយៈពេល១៥ឆ្នាំ ជាអ្នកជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ , បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារជាហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង ខណៈបច្ចុប្បន្ននេះ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិ បត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា ហើយបើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន តែលោក លឹម គង់ មានបទពិសោធន៍គ្រប់គ្រាន់ និង ច្បាស់លាស់ ក្នុងការតថ្ម , រៀបថ្ម , ដាប់ថ្ម , លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ ៕

អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

No comments:

Post a Comment