Wednesday, May 8, 2019



ព្រឹកមិញនេះ អាជ្ញាធរស្រុកស្វាយលើ ចាប់ផ្ដើមធ្វើការរុះរើតូបរបស់បងប្អូនអាជីវករ ដែលបានដាក់តាំងលក់ដូរនៅលើដីចំណីផ្លូវ នៃតំបន់ផ្សារចាស់

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃឱសានវាទសម្រាប់ការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវជាតិក្នុងស្រុក នៃតំបន់ផ្សារចាស់ ស្ថិតក្នុងភូមិស្វាយលើ ឃុំស្វាយលើ ដែលអាជ្ញាធរស្រុកបានជូនដំណឹងដល់ពួកគាត់អស់រយៈពេលជិតមួយខែមកហើយនោះ ព្រឹកនេះអាជ្ញាធរស្រុកស្វាយលើ ក្រោមការដឹកនាំរបស់លោក សាត ពៅ អភិបាលរងស្រុក បានដឹកនាំកម្លាំងចម្រុះ ចាប់ផ្ដើមធ្វើការរុះរើតូបរបស់បងប្អូនអាជីវករ ដែលបានដាក់តាំងលក់ដូរនៅលើដីចំណីផ្លូវ ។

លោក សាត ពៅ មានប្រសាសន៍ថា ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណ: តាមដងផ្លូវសាធារណ: យើងទាំងអស់គ្នាត្រូវចូលរូមសហការគ្នា បញ្ចៀសនូវការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតដោយប្រការណាមួយជាយថាហេតុ ជាពិសេសនៅក្នុងតំបន់ផ្សារចាស់ក្នុងស្រុកស្វាយលើយើងនេះ ខណៈកន្លងមក មានបងប្អូនអាជីវករមួយចំនួន បានដាក់តាំងលក់ដូរនៅតាមចិញ្ចើមផ្លូវ បាននឹងកំពុងប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។

លោកមានប្រសាសន៍ទៀតថា ក្នុងឱកាសនេះ សូមឲ្យបងប្អូនអាជីវករទាំងអស់ បញ្ឈប់ការលក់ដូររបស់ខ្លួននៅតាមចិញ្ចើមផ្លូវ ហើយត្រូវទៅលក់ដូរនៅក្នុងផ្សារទាំងអស់គ្នា ព្រោះថា រដ្ឋបាលស្រុកស្វាយលើ នឹងត្រូវធ្វើការរុះរើតូប ដែលបានដាក់តាំងលក់នៅតាមចិញ្ចើមផ្លូវ និង កាត់សំយ៉ាប ផ្ទាំងស្លាកយីហោតូចធំ ដែលលយចូលមកដល់ផ្លូវឲ្យអស់មុនថ្ងៃកំណត់ ដោយកំណត់ផ្លូវថ្នល់សងខាងប្រវែង១០ម៉ែត្រ គិតពីចំណុចអ័ក្សផ្លូវ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខណៈដែលរដ្ឋបាលស្រុក បានជូនដំណឹងដល់ពួកគាត់ជាច្រើនដងរួចមកហើយ ដូច្នេះរឿងនេះមិនមែនថ្មីនោះទេ គឺវារ៉ាំរ៉ៃយូរមកហើយ ។

លោក សាត ពៅ មានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើបងប្អូនអាជីវករណា មិនមានតូបលក់ដូរនៅក្នុងផ្សារចាស់នេះទេ បងប្អូនអាចទៅលក់ដូរនៅផ្សារថ្មីបាន គឺផ្សាររស្មីហេងមករាផ្សារស្រុកស្វាយលើ ដែលកន្លែងនោះប្រកបទៅដោយផាសុកភាព មានអនាម័យល្អ មានសណ្តាប់ធ្នាប់ក្នុងការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

No comments:

Post a Comment