Thursday, May 2, 2019

វត្តអារញ្ញសាគរ ទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ កាលពីម្សិលមិញ

វត្តអារញ្ញសាគរ ទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ កាលពីម្សិលមិញ

វត្តអារញ្ញសាគរ ទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ កាលពីម្សិលមិញ

វត្តអារញ្ញសាគរ ស្ថិតនៅក្នុងក្រុងសៀមរាប បានបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ បន្ទាប់ពីបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៩ 
មេសា កន្លងទៅ ដោយមានរៀបចំកម្មវិធីកំសាន្តប្លែកៗជាច្រើនផងដែរ ។

បើតាមថេរដិការបស់ព្រះតេជគុណវិសារទរ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ បានឲ្យដឹងថា ពិធីបុណ្យ ឆ្លងភ្នំខ្សាច់ និងឆ្លងចេត្រនេះ ជាពិធីប្រពៃណីតាមទំនៀមទម្លាប់បែបព្រះពុទ្ឋសាសនាពីបុរមបុរាណ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមក ហើយកូនចៅជំនាន់ក្រោយៗនៅមូលដ្ឋាននេះ និយមធ្វើតៗគ្នា នាំគ្នាប្រារព្ឋតាមលំអានក្រោមការដឹកនាំធ្វើពីចាស់ព្រឹទ្ឋាចារ្យក្នុងមូលដ្ឋាន ហើយពិធីនេះ ក៏ពុំពាក់ព័ន្ធទៅនឹងពិធីស្រង់ព្រះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលទើបតែកន្លងផុតថ្មីៗនេះទេ បានសេចក្ដីថាពិធីបុណ្យឆ្លងភ្នំខ្សាច់ គឺជាពិធីមួយដែលប្រជាពុទ្ឋបរិស័ទ ធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន និង សុំខមាទោស ផ្តាច់កម្មពៀរវេរាពីឆ្នាំចាស់ ដែលបានប្រព្រឹត្តពុំគប្បី ដោយចេតនាក្តី ដោយអចេតនាក្តី លើសព្វសត្វតូចធំផងទាំងឡាយ ដើម្បីរំដោះវេរា ឬបាបអកុសលផ្សេងៗក្នុងឆ្នាំចាស់ ផ្លាស់យកនូវជោគជ័យសិរីមង្គល សម្រាប់ឆ្នាំថ្មី ។

ព្រះតេជគុណមានសង្ឃដិកាទៀតថា ចំណែកឯពាក្យថា ឆ្លងចេត្រ គឺចង់សំដៅពិធីបុណ្យឆ្លង ផ្លាស់ពីខែចេត្រ ចូលទៅខែពិសាខ គឺមានន័យថា ផ្លាស់ពីរដូវប្រំាង ឈានចូលរដូវវស្សា ជារដូវដែលកសិករយើងត្រូវធ្វើស្រែ ហើយតម្រូវឲ្យបងប្អូនប្រជាកសិករ គាត់នឹងត្រូវបម្រុងនូវឧបករណ៍សម្រាប់ធ្វើកសិកម្ម មានដូចជាន័ង្គល រនាស់ រទេះ និងសត្វពាហនៈជាដើម ។

ព្រះតេជគុណវិសារទរ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដិកាបន្ថែមទៀតថា បុណ្យឆ្លងភ្នំខ្សាច់ និងឆ្លងចេត្រនៅវត្តអារញ្ញសាគរឆ្នាំនេះ ប្លែកជាងបណ្តាឆ្នាំមុនៗ ដោយសារចៅអធិការវត្ត គណៈកម្មការវត្ត និងអ្នកភូមិជិតខាង បានឯកភាពគ្នាឱ្យរៀបចំពិធីដល់ទៅបីថ្ងៃបីយប់ ដោយក្នុងពេលរាត្រី មានជួលតន្រ្តីស្គរដៃស្រុកស្រែរាំលេងកំសាន្ត មានល្ខោនបាសាក់រហូតដល់ពាក់កណ្តាលអាធ្រាត្រ និងមានល្បែងប្រជាប្រិយដូចជា វាយក្អម ទាញព្រ័ត្រ ជាពិសេសបង្កើតកម្មវិធីឱ្យចាស់ៗ ធ្វើនំចំណីលក់បែបសាមញ្ញៗនៅក្នុងវត្តតែម្តង មានដូចជានំបញ្ចុក បាញ់ឆែវ នំគ្រក់ បង្អែម ទឹកកឈូស ជាដើម ដើម្បីបង្កើនភាពរីករាយ ស្និទ្ឋស្នាល និងបានបង្ហាញអំពីរបៀបធ្វើងាយៗដែលយុវជន យុវនារី អាចធ្វើជូនម៉ែជូនពុករបស់ខ្លួនពិសានៅផ្ទះបាន ហើយថវិកាសល់ពីការចំណាយលើដើមទុន ពួកគាត់បរិច្ចាកមកវត្តទាំងអស់សម្រាប់ចំណាយរៀបចំពិធី ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

No comments:

Post a Comment