Friday, May 10, 2019

ជនសង្ស័យ ១០នាក់ ជិះម៉ូតូកាប់គ្នា ត្រង់ចំណុចស្ថានីយចាក់សាំងកាល់តិចក្រុងសៀមរាប





នៅវេលាប្រមាណម៉ោង ៤ទាបភ្លឺ ថ្ងៃទី០៩  ខែឧសភា ឆ្នាំ២០១៩ មានករណីអំពើហឹង្សា រវាងជនសង្ស័យ ១០នាក់ ព្រួតគ្នាវាយ និងប្រើកាំបិតដាវ កាប់មកលើជនរងគ្រោះចំនួន ៤នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។

បើតាមរបាយការណ៍បឋម របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ បានធ្វើដំណើរដោយម៉ូតូ២គ្រឿង ចេញពីកន្លែងផឹកស៊ីផ្លូវផ្សាររាត្រី បន្តដំណើរទៅផ្លូវ៣០ម៉ែត្រ រួចហើយជិះបន្តរហូតដល់ចំណុចសា្ថនីយចាក់ប្រេង កាល់តិចក្រុងសៀមរាប ក៏ស្រាប់តែក្រុមជនដៃដល់មានគ្នា ១០នាក់ ជិះម៉ូតូ ៧គ្រឿង មកព្រួតវាយ និងកាប់លើ ជនរងគ្រោះ ឈ្មោះ ប៉ាង សេងហៃ ហៅ ក្តិប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ អ្នកបម្រើការ ក្នុងហាងបង្កងដុត នៅជិតស្ពានអាងក្រពើ  សព្វថ្ងៃរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក  ក្រុងសៀមរាប បណ្ដាលឲ្យរងរបួស ត្រូវកដៃខាងស្ដាំ ជង្គង់ទាំងសងខាង ខ្នងដៃខាងឆ្វេងចំនួន២កាំបិត ក្បាលមួយកាំបិតផ្នែកខាងឆ្វេង នឹងពីក្រោយខ្នងមួយកាំបិត បន្ទាប់ពីសមត្ថកិច្ចទៅដល់ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។

តាមរបាយការណ៍បឋមដដែលនេះ កំលាំងសមត្ថកិច្ច របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ពុំទាន់រកឃើញមូលហេតុដែលបង្កឲ្យមានអំពើហឹង្សានេះឡើយ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរជនរងគ្រោះ និងស្រាវជ្រាវបន្តទៀត ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

No comments:

Post a Comment