កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ សាលាអន្តរជាតិ A.L.A ស្ថិតនៅក្នុងក្រុងសៀមរាប បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ ជូនដល់សិស្សពូកែសម្រាប់ឆមាសទី១ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ចំនួន៧៥នាក់ ទាំងខេមរភាសា និង ភាសាអង់គ្លេស ក្នុងនេះសិស្សខេមរភាសាកម្រិតបឋម មានចំនួន១៨នាក់ ខណៈដែលសាលាមានសិស្សចំនួន៥៥៥នាក់ ក្នុងនេះសិស្សកុមារតូចកម្រិតថ្នាក់បឋម នៃខេមរភាសាមានចំនួន ៩៣នាក់ ក្នុងនោះកុមារីចំនួន៤៥នាក់ ដែលកំពុងទទួលបានសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡា និង កុមារតូចកំពុងបានទទួលការសិក្សាភាសាអង់គ្លេស មានចំនួន ៤៦២នាក់ ក្នុងនោះកុមារីចំនួន២៥៤នាក់ ។
លោក នង វុត្ថា នាយកសាលាអន្តរជាតិ A.L.A មានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងការអប់រំសីលធម៌ដល់កុមារ បណ្តុះបញ្ញា-ស្មារតី , ពង្រឹងសុខភាព-កាយសម្បទា និងបំណិនជីវិត ជាមួយនឹងការផ្តល់ឲ្យពួកគេនូវគុណភាពអប់រំ និងមានសេវាតម្លៃសមរម្យផងដែរ ដែលនេះគឺនិយាយក្នុងក្របខ័ណ្ឌនៃគ្រឹះស្ថានសិក្សាឯកជន ដែលវិនិយោគលើវិស័យអប់រំ ខណៈដែលវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកសាងអភិវឌ្ឍសង្គមជាតិ ហើយមានគ្រឹះស្ថានសិក្សាឯកជនជាច្រើនត្រូវបានរីកដុះដាល ដោយបានជួយទ្រទ្រង់ដល់ការរីកចម្រើនវិស័យអប់រំនៅកម្ពុជា ។
លោក នង វុត្ថា មានប្រសាសន៍ទៀតថា ការកសាងធនធានមនុស្សគឺជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិទាំងមូល ហើយការសិក្សាអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការងារមានសារៈសំខាន់ ក្នុងការកសាងធនធានមនុស្ស ដែលក្នុងសង្គមជាតិត្រូវតែមានការចូលរួមវិនិយោគឲ្យបានខ្លាំងក្លា ដោយប្រើប្រាស់ពេលវេលាយូរអង្វែងជាមួយនឹងការអត់ធ្មត់ ការទទួលខុសត្រូវ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ដូច្នេះការវិនិយោគរបស់វិស័យឯក ជន លើវិស័យអបរំ វាមិនមែនជាការធ្វើជំនួញនោះទេ ប៉ុន្តែបើគិតធ្វើជំនួញ ដោយជ្រើសរើសយកការវិនិយោគលើវិស័យអប់រំវិញនោះ វាមិនអាចទៅរួចទេ សម្រាប់ការអនុវត្តគោលនយោ បាយរបស់រាជរដ្ឋាភិបាល គឺ អប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ ៕
អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
No comments:
Post a Comment