Friday, May 10, 2019


មន្ទីរជំនាញចំនួន២ ក្នុងខេត្តសៀមរាប ចុះបញ្ជ្រាបការយល់ដឹងច្បាប់ភូមិបាល ជូនប្រជាពលរដ្ឋនៅស្រុកស្វាយលើ



នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មានរៀបចំការផ្សព្វផ្សាយអំពីច្បាប់ភូមិបាល ជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ រួមនឹងសិទ្ធដាក់ពាក្យបណ្ដឹងពីប្រជាពលរដ្ឋក្នុងករណីមានបញ្ហា ពាក់ព័ន្ធក្នុងរស់នៅក្នុងភូមិ ឬតាមស្រុករបស់ពួកគាត់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីរសុរិយោដីនគររូបណីកម្ម និង សំណង់ខេត្តសៀមរាប បានលើកឡើងថា ការផ្សព្វផ្សាយអំពីច្បាប់ភូមិបាលនាពេលនេះ ដើម្បីពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានឃើញនឹងយល់កាន់ច្បាស់ថា របបនៃកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកំណត់ទុក ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធ និងសិទ្ធផ្សេងៗទៀត លើអចលនវត្ថុស្របតាមបទបញ្ញាត្តិនៃរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុន សុជាតិ បានបញ្ជាក់ថា អចលនវត្ថុទាំងនោះ រួមមានដីរបស់រដ្ឋ គឺជានៅក្រោមការគ្រប់គ្រងដោយរដ្ឋ ពុំមានបុគ្គលណាមានសិទ្ធមកទន្ទ្រាន ឬរំលោភយកបានឡើយ ដីឯកជន គឺជាដី ដែលបងប្អូនប្រជាពលរដ្ឋកាន់កាប់ដោយស្របច្បាប់ និង ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ សម្រាប់បែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ហើយរដ្ឋក៏បានរៀបចំចាត់ចែងកាត់ឲ្យប្រជាពលរដ្ឋទៅតាមនិតិវិធីនៃច្បាប់ភូមិបាលនោះ ដូច្នេះទើបប្រជាពលរដ្ឋមានសិទ្ធពេញលេញក្នុងការគ្រប់គ្រង។

ឆ្លៀតក្នុងឱកាសនោះ លោក សាត ពៅ អភិបាលរងស្រុកស្វាយលើ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ចោទជាសំណួរ ឬភាពមិនច្បាស់លាស់ណាមួយ ពាក់ព័ន្ធក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយលោកបានជំរុញដល់ លោក មេភូមិ មេឃុំ ដែលជាម៉ែជាឪរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ក្នុងឃុំរបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់ពន្យល់ ណែនាំអំពីច្បាប់ភូមិបាលឲ្យពួកគាត់បានយល់ច្បាស់ ចៀសវាងថ្ងៃក្រោយ មានបញ្ហាកើតឡើងដដែលៗ។

មានវត្តមានក្នុងឱកាសនោះដែរ លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីររបស់លោកមានភារកិច្ចសំខាន់ៗ ដើម្បីសម្របសម្រួល ទំនាក់ទំនង និងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ការិយាល័យអ្នកតំណាងរាស្រ្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ព្រមទាំងធ្វើការស្ទង់មតិ អំពីការយល់ដឹង របស់ប្រជាពលរដ្ឋលើវិស័យច្បាប់ សម្រាប់ឈានទៅដល់ការរៀបចំវេទិកាសាធារណ:។ ហើយវេទិកាសាធារណ:នេះ នឹងជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន យល់ដឹង និងប្រតិបត្តិតាម ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ របស់រាជរដ្ឋាភិបាល ហើយក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការសំណូមពរទៅកាន់អាជ្ញាធរផងដែរ។

លោក បានបញ្ជាក់បន្ថែមថា ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ មានបញ្ហាពាក់ព័ន្ធនឹងសិទ្ធក្នុងរស់នៅក្នុងមូលដ្ឋានភូមិស្រុករបស់ខ្លួន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាបនឹងរង់ចាំទទួលពាក្យបណ្ដឹងរបស់បងប្អូនគ្រប់ពេលវេលា។

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

No comments:

Post a Comment