Thursday, May 2, 2019

ស្លាប់ម្នាក់ និងរងរបួសស្រាល០២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់ កាលពីម្សិលមិញ


លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកែច្នៃពណ៌ខៀវ គ្មានផ្លាកលេខ ជាមួយនឹងម៉ូតូ នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិស្នួល ឃុំស្នួល ស្រុកក្រឡាញ់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង មនុស្សចំនួន០២នាក់ផ្សេងទៀត បានរងរបួសស្រាល ។

លោក ជី បេងជន បានឲ្យដឹងទៀតថា ករណីនេះគឺអ្នកបើកបរគោយន្តកែច្នៃដឹកដី ឈ្មោះ លន់ លីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិល្បើក ឃុំរោងគោ ស្រុកក្រឡាញ់ បានបើកគោយន្តថយក្រោយ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ពោធិសាត់ 1F.7834 បើកបរដោយឈ្មោះ យាត យ៉ា ភេទស្រី អាយុ១៣ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងអ្នកជិះជាមួយពីរនាក់ទៀត គឺអ្នកទី១. ឈ្មោះ យាត សារិកា ភេទស្រី អាយុ១៤ឆ្នាំ រងរបួសស្រាល និងអ្នកទី២. ឈ្មោះង៉ា វីសា ភេទប្រុស អាយុ១១ឆ្នាំ រងរបួសស្រាល ដែលអ្នកទាំង៣នាក់នេះ រស់នៅភូមិព្រៃគាប ឃុំរោងគោ ស្រុកក្រឡាញ់ បើកក្នុងទិសដៅពីត្បូងទៅជើង រួចឈប់ រីឯម៉ូតូខូចខាតធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការត្រួតពិនិត្យ និងវាស់វែង និងបាននាំយកវត្ថុតាំងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿង និងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់បន្ត រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

No comments:

Post a Comment